តម្លៃហាងឆេងមាសនៅកម្ពុជាក៏ដូចជានៅលើទីផ្សារអន្តរជាតិមានការប្រែប្រួលឡើងចុះគួរឱ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ តួយ៉ាងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ តម្លៃមាសនៅកម្ពុជាបានកើនឡើងដល់ជាង៤,១០០ដុល្លារក្នុង១តម្លឹងកើនឡើងប្រមាណ១០០ដុល្លារក្នុង១តម្លឹងបើធៀបនឹងតម្លៃហាងឆេងមាសកាលពីដើមខែកក្កដានេះ។ ក្រុមអ្នកជំនាញព្យាករថា តម្លៃមាសនឹងហក់ឡើងខ្ពស់បំបែកកំណត់ត្រាប្រវត្តិសាស្រ្តជាថ្មីម្តងទៀតដល់ជាង៤,២០០ដុល្លារក្នុង១តម្លឹង នៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមអនុវត្តពន្ធគយបដិការរបស់ខ្លួននៅថ្ងៃទី១ ខែសីហា ខាងមុខនេះ។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង បានវាយតម្លៃថា តម្លៃហាងឆេងមាសនៅកម្ពុជា និងទីផ្សារពិភពលោកនឹងបន្តហក់ឡើងខ្ពស់បន្ថែមទៀតដល់តម្លៃជាង៤,២០០ដុល្លារទៅ៤,៣០០ដុល្លារក្នុង១តម្លឹងនាពេលខាងមុខនេះ ពិសេសចាប់ពីថ្ងៃទី០១ខែសីហា ជាពេលដែលពន្ធបដិការរបស់អាមេរិកដាក់ទៅលើបណ្តាប្រទេសនានាចាប់ផ្តើមអនុវត្ត។
ដ្បិតថាតាមរយៈបញ្ហាសម្ពាធពន្ធនេះ អត្រាអតិផរណានៅសហរដ្ឋអាមេរិកនឹងមានការកើនឡើងដែលជាកត្តាជំរុញឱ្យតម្លៃប្រាក់ដុល្លារអាមេរិកមានការធ្លាក់ចុះ នោះនឹងរុញច្រានឱ្យតម្លៃមាសកើនឡើង។ យ៉ាងណាមិញកត្តាទំនុកចិត្តរបស់អ្នកវិនិយោគ ដែលភាគច្រើនបានលក់ចេញប្រាក់ដុល្លារ ទៅវិនិយោគលើមាស និងភាគហ៊ុន ដោយរំពឹងទទួលបានផលចំណេញខ្ពស់នៅចុងឆ្នាំនេះបន្ទាប់ពីមានការទម្លាក់អត្រាការប្រាក់ក៏ជាកត្តាជំរុញឱ្យតម្លៃមាសនឹងកើនឡើងខ្ពស់ផងដែរ។
ស្រដៀងគ្នានេះលោកស្រី ជីប សោភា ប្រធានផ្នែកផ្សព្វផ្សាយទីផ្សារនៃក្រុមហ៊ុន ប្រូកឃើក ជេត យល់ឃើញថា ក្រោយតម្លៃមាសបានការកើនឡើងខ្ពស់ដល់ជាង៤,១០០ដុល្លារក្នុង១តម្លឹងនៅថ្ងៃទី២៣ ខែកក្កដានេះ វានឹងបន្តហក់ឡើងខ្ពស់បំបែកកំណត់ត្រាប្រវត្តិសាស្រ្តជាថ្មីម្តងទៀតដល់ជាង៤,២០០ដុល្លារក្នុង១តម្លឹងនៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមអនុវត្តពន្ធគយបដិការរបស់ខ្លួនលើបណ្តាប្រទេសដៃគូនានា។
គួរជម្រាបថា តម្លៃហាងឆេងមាសនៅកម្ពុជា និងទីផ្សារអន្តរជាតិបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានម្តងរួចមកហើយកាលពីដើមខែមេសា កន្លងទៅនេះ ដោយឈានដល់ជាង៤,២០០ដុល្លារក្នុង១តម្លឹង បន្ទាប់ពីសហរដ្ឋអាមេរិកនិងចិនបានបញ្ឆេះសង្រ្គាមពាពន្ធគយដាក់គ្នាទៅវិញទៅមក។ (ប្រភពពី៖ ខេមបូណូមីស)
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh