ក្រុមហ៊ុនមេរបស់ ChatGPT គឺ OpenAI កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការពិភាក្សាដើម្បីលក់ភាគហ៊ុនរង (secondary stock sale) ដែលអាចធ្វើឱ្យតម្លៃក្រុមហ៊ុននេះឡើងដល់ប្រហែល ៥០០ ពាន់លានដុល្លារ បើប្រៀបធៀបទៅតម្លៃពីមុនត្រឹម ៣០០ ពាន់លានដុល្លារប៉ុណ្ណោះ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។
អត្ថបទពី Financial Times បានរាយការណ៍ថា ការលក់ភាគហ៊ុននេះអាចធ្វើឱ្យ OpenAI ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឯកជនដែលមានតម្លៃខ្ពស់ជាងគេបំផុត ពោលគឺលើសពីតម្លៃរបស់ក្រុមហ៊ុនអវកាស SpaceX របស់ Elon Musk ទៅទៀត។ ការលក់នេះនឹងអនុញ្ញាតឱ្យបុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិក OpenAI លក់ភាគហ៊ុនខ្លះៗរបស់ពួកគេបានផងដែរ។ រហូតមកទល់នឹងពេលនេះ ការពិភាក្សាអំពីការលក់ភាគហ៊ុននៅតែស្ថិតក្នុងដំណាក់កាលដំបូង ហើយប្រតិបត្តិការនឹងអាចបូកបញ្ចូលទឹកប្រាក់រាប់ពាន់លានដុល្លារ ដែលកើតចេញពីការលក់ភាគហ៊ុនរបស់បុគ្គលិក។
យោងតាមប្រភពពីព័ត៌មានខាងលើ អាចបញ្ជាក់បានថា OpenAI កំពុងស្រាវជ្រាវអំពីការលក់ភាគហ៊ុនជាថ្មី ដោយមានគោលបំណងបង្កើនតម្លៃក្រុមហ៊ុន និងអនុញ្ញាតឱ្យបុគ្គលិកទទួលបានផលចំណេញពីការវិនិយោគរបស់ពួកគេ។ ម្ចាស់វិនិយោគធំៗដូចជា Thrive Capital បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញភាគហ៊ុនទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ ទាំងក្រុមហ៊ុន OpenAI និង Thrive Capital សុទ្ធសឹងតែបដិសេធមិនចង់បញ្ចេញមតិយោបល់អំពីព័ត៌មានខាងលើទេ។ នេះបើយោងតាមអត្ថបទរបស់ Bloomberg។ ប្រភពពី៖ FRESH NEWS
Contact us now:
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh